Wednesday, August 24, 2011

សុភាសិត


សុភាសិត​ខ្មែរ

ដោយវិគីភីឌា
សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឪវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ទំព័រ​នេះគឺ​ជា​កម្រង​ប្រមូល​ផ្តុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត​។
Khmer Proverb.jpg

មាតិកា

[លាក់]

  • កកក៏បាយ មេម៉ាយក៏ស្រី។
  • ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
  • ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។
  • ក្រពើវង្វេងបឹង។
  • កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។
  • កាប់បំពង​រង់ចាំទឹកភ្លៀង។
  • ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។
  • ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។(ព្រះ​ធម្មវរោត្តម តុង​ ឈួន)
  • ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
  • ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
  • ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
  • កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។
  • កោសមិនដាក់ទឹក។
  • ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
  • ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។
  • កំភ្លាញស្លាប់ព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។
  • កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
  • កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
  • កុំគូរមុន​គិត។
  • កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
  • កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។
  • កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។
  • កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
  • កុំដាំស្រូវនៅផ្លូវដំរី។
  • កុំទុកចិត្ត​មេឃ​កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
  • កុំទុំមុនស្រគាល។
  • កុំផ្ទុកតាមទូកថ្វែ។
  • កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។
  • កុំពាក់មុខយក្ស​ កុំពាក់ស្បែកខ្លា។
  • កុំពូតផ្សែងជាដុំ ​កុំយកភ្នំទ្រាប់អង្គុយ។
  • កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។
  • កុំរាយមុខដឹង ​កុំទទឹងមុខសឹក។
  • កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។
  • កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
  • កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។

  • ខ្ពស់កប់ពពក ​ចុះមកជ្រកអាចម៏ជន្លេន។
  • ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
  • ខឹងខុស​ខឹងខាត​ខឹងខូច។
  • ខឹង​ខុស​ខូចខាត​ ប្រមាថ​លិចលង់។
  • ខឹងគោវាយរទេះ។
  • ខឹងឲ្យអត់ ខ្សត់ឲ្យរក។
  • ខឹង​ឥត​ពិចារណា​ នាំ​ខូច​ការ​ខូច​ប្រយោជន៍ ធម៌ខឹង​នាំអាសោចិ ខុស​ខាត​ខូច​ដោយមិន​គិត។
  • ខ្លួនរស់ របស់រកបាន។
  • ខ្មោចស្រុកឲ្យដៃ​ ខ្មោចព្រៃវាហ៊ាន។
  • ខំ​រក​ស៊ី​ធ្វើ​ការ​ មិនអសារឥតប្រយោជន៍ ចង្រៃ​ណាស់​ហោច​គង់គ្រប់ស៊ី​មិន​សុំគេ។ ប្រសិនមាន​សំណាង​ បានកសាង​ពី​បុព្វេ ផ្សំ​ផង​មិនលេង​ទេ ឡើង​ជាកុដុម្ពិ​ក៏សេដ្ឋី។

  • គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
  • គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជិវិត។
  • គ្នាច្រើនអន្សមខ្លោច ​គ្នាដូចស្រមោចអន្សមឆៅ។
  • គុក​និង​សោគឺ​ចោរ​បង្កើត ឪសថល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។
  • គ្រូកាចសិស្សខូច។
  • គ្រូទាយម្តាយថា។
  • គួរ​គិត​ជិវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់ស្ងាត់សូន្យ​ចាកកូន​ចៅ។
  • គោដំបៅខ្នង​ ក្អែកហើររំលង​រសាយកន្ទុយ។

  • ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
  • ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
  • ឃ្លាតកាយណាយចិត្ត។
  • ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
  • ឃុបឃិត​ជន​ពាល​រាល​ទុក្ខ​ដល់ខ្លួន។
  • ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។
  • ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
  • ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។
  • ឃើញ​ឈើ​ពុក​កុំ​អាល​ដាក់​គូថ​អង្គុយ ឬ(កុំ​អាល​ដាក់​គូថ​លើ)។
  • ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី ឬ(ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
  • ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
  • ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
  • ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។
  • ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់កុំអាលនិយាយជាមួយស្រី​។
  • ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ ឬ (ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
  • ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន)
  • ឃ្លោក​លិច​ អម្បែង​អណ្តែត។
  • ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
  • ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។
  • ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
  • ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
  • ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។

  • ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
  • ងប់​នឹង​ញាតិ​ឃ្លាត​ច្បាប់។
  • ងប់​នឹង​មាស​ប្រាក់​ខូច​យសសក្តា។
  • ងប់​នឹង​ប្រុ​ស​ខូច​ព្រហ្មចារី។
  • ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
  • ងប់​នឹង​ស្រី​ចំណី​ទុក្ខ។
  • ងប់នឹង​ល្បែង​តែង​ហិនហោច។
  • ងប់នឹងល្បែង​តែងវិនាស។
  • ងប់នឹង​ស្រា​ខូច​ស្មារតី។
  • ងប់​នឹង​ពាក្យ​សរសើរ​គេ​ថា​ភ្លើ។
  • ងប់នឹង​ពាក្យ​បង្អាប់​ស្លាប់​គំនិត។
  • ងប់​នឹង​ស័ក្តិយស​ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
  • ងប់នឹង​ជំនឿ​រឿគំនិត។
  • ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមអោយ​ពរ។
  • ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
  • ងាប់​គំនិត​ ងងឹត​ដល់ស្លាប់។
  • ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
  • ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។
  • ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
  • ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
  • ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
  • ងាប់​ព្រោះ​គំនិត ​ដូច​កាំ​បិត​ចិត​ដង​ឯង។
  • ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
  • ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។
  • ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
  • ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
  • ងើយ(ឬ ងើប)​ស្កក​ ឪនដាក់គ្រាប់។

  • ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
  • ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់ ។
  • ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
  • ចង់ចេះឲ្យធ្វើល្ងង់។
  • ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
  • ច្របាច់កចិន លៀនអណ្តាតខែ្មរ។
  • ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
  • ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
  • ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
  • ចាក់អង្ករយកអង្កាម។
  • ចានមួយរាវ លែងអីរណ្តំគ្នា។
  • ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។
  • ចាញ់បានជាព្រះ ឈ្នះបានជាមារ។
  • ចាប់ក្ដាមដាក់ចង្អេរ។
  • ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
  • ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
  • ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
  • ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
  • ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
  • ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
  • ចិត្តល្អ ក្រខ្លួន។
  • ចិត្តល្អ ក្រមិនយូរ។
  • ចិត្តជាទេវវត្ត មាត់ជាទេវតា។
  • ចិញ្ចឹមកូនខ្លា វាសងគុណ។
  • ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
  • ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។
  • ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។
  • ចូរមើលកាលវែង កុំមើលកាលខ្លី។
  • ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
  • ចេះដប់មិនស្មើប្រសប់មួយ។
  • ចេះឯង ឲ្យក្រែងចេះគេ។
  • ចេះពីរៀន មានពីរក ក្រពីខ្ជិល។
  • ចេះមកពីរៀន​ មានមកពីរក។
  • ចំណេះបានពីរៀន មានបានមកពីរក។
  • ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
  • ចំណីឆ្ងាញ់កុំទុកស្អែក។
  • ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
  • ចុះទឹកក្រពើ ឡើងលើខ្លា។

  • ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
  • ឆ្ងាយកាយ ណាយចិត្ត។
  • ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
  • ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
  • ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
  • ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
  • ឆ្កែខាំ​កុំខាំឆ្កែវិញ។
  • ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
  • ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
  • ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
  • ឆ្នាំងណាគ្របនឹង។
  • ឆ្លុះកញ្ចក់ ធេ្មចនេត្រា។

  • ជក់នឹងលែ្បង តែងវិនាស។
  • ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
  • ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
  • ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
  • ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។
  • ជាងមិនកើតបន្ទោសដែក។
  • ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
  • ជ្រាយរអៀច ដូចបបរឈ្មោល។
  • ជ្រូកស្លាប់ ព្រោះសាច់។
  • ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
  • ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
  • ជ្រើមដូចមហាត។
  • ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
  • ជ្រៅដូច ក្តិតចាន។
  • ជ្រៅតែមាត់ គំនិតរាក់កំផែល។
  • ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
  • ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។

  • ឈាមស្រែក​ស្បែកហៅ។
  • ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
  • ឈឺជើងធាត់ ឈឺមាត់ស្គម។
  • ឈើពុក កុំដាក់គូថលើ។
  • ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
  • ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
  • ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
  • ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
  • ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។

  • ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
  • ញ៉ាមដូចក្តាម ស៊ីអាចម៍។
  • ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
  • ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
  • ញៀននឹងស្រីចំណីទុក្ខ។
  • ញៀននឹងលែ្បងតែងហិនហោច។
  • ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
  • ញៀននឹងបៀ គឃៀរស្លៀកពាង។
  • ញៀននឹងលាភ ថោកទាបដូចសត្វ។
  • ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
  • ញៀននឹងលែ្បងតែងបង់យស។

  • ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
  • ដល់ត្រើយ សើយគូថ។
  • ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
  • ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
  • ដឹកគោញី បន្សីគោលឈ្មោល។
  • ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
  • ដឹងរង្គោះ បោះបណ្តោយ។
  • ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
  • ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
  • ដុតឲ្យខ្លោច រោចឲ្យឆៅ។
  • ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
  • ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
  • ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
  • ដូចក្រពើ វងេ្វងបឹង។
  • ដួលត្មោល ដូចគ្មានអីទប់។
  • ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
  • ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
  • ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
  • ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
  • ដើរឲ្យមានបី ស្រដីឲ្យមានបួន។
  • ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
  • ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។
  • ដេកមិនលក់កុំខំដេក។
  • ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
  • ដេកផ្ងាស្តោះលើទ្រូងឯង។
  • ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
  • ដេកយប់ កុំនិយាយនឹងស្រី។
  • ដេកទាល់ថៃ្ង យកកំជិលដែលគេ។
  • ដេកមិនលក់ បក់មិនល្អើយ។
  • ដេកផ្សំដួល រមួលផ្សំគ្រេច។
  • ដេញទាន់កុំជាន់កែង។
  • ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
  • ដៃភ្លើងជើងមាន់។
  • ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
  • ដាំជើងក្រាន​ មិនប្រមាណឆ្នាំង។
  • ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
  • ដំរីជល់គ្នា ​ងាប់ស្មៅចិញ្ចៀន។
  • ដំរីសាស្លាប់ ​យកចង្អេរបាំង។
  • ដំបៅ​មិន​ឈឺ យកឈើទៅចាក់។
  • ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
  • ដោះកនែ្ទក អារឹសកូន។

  • ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។

  • ឌម​ជន​គឺ​អ្នក​ថោក អាច​ប្រែក្លាយ​ភាព​ជា​ខ្ពង់​ខ្ពស់ ដោយ​ការ​សេពគប់​នឹង​សប្បុរស ដង្កូវ​បាន​ខ្ពស់​ព្រោះ​បុប្ផា។

  • ឍាលិន​ប្រែ​ថា​អ្នក​កាន់​ខែល​ ចេះកាប់​ប្រហែល​ចេះ​ការពារ​ ដូច​អ្នក​ចេះ​ដឹង​មិន​ខ្លាច​រា ឧបស័គ្គនានា​ការពារ​បាន។ ខែល​និង​អាវុធ​គឺ​វិជ្ជា​ នៃ​ប្រុស​និង​នារីគ្រប់​ប្រាណ ដែល​បាន​រៀន​សូត្រ​យ៉ាង​ចំណាន ក្នុង​ភូមិភព​ឋាននា​លោកិយ។

  • ណាយកាយ ឆ្ងាយចិត្ត។
  • ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
  • ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។

  • តសំពៅ មិនត្រូវស្តាយដែក។
  • តវាសនា ឲ្យខំសន្សំបុណ្យ។
  • តដងរែក ឲ្យល្មមនឹងស្មា។
  • តកម្លាំងអោយសេពអាហារ។
  • តក់ៗពេញបំពង់។
  • តមមេស៊ីពង ស៊ីរងសម្បុក។
  • ត្រង់ មិនឈ្នះទាល់។
  • ត្រីឆ្តោរស៊ីកូនឯង។
  • ត្រីងៀត ឆ្លៀតពង។
  • ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
  • តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
  • តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
  • ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
  • ត្រកូលសជាតិ មាយាទសពូជ។
  • ត្រួសត្រាយទុក ស្រណុកជាងកែកុន។
  • ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
  • តៀ្រមទុកមុន មិនស្កុនការ។
  • ត្រេកអរមុន ទុក្ខក្រោយ។

  • ថយយស ព្រោះព្រហើន។
  • ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
  • ថោកអីនៅដៃថៃ្លអីនៅមាត់។

  • ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលព្រោះបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលថ្កើងដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។
  • ទម្ពក់វាទៅ​ ទើបព្នៅវាមក។
  • ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
  • ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
  • ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
  • ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
  • ទឹកជន់ បុណ្យសេ្តច ។
  • ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
  • ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
  • ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
  • ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
  • ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
  • ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
  • ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
  • ទូកទៅ កំពុងនៅ។
  • ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
  • ទូកដាច់យកទូកតាម។
  • ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
  • ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
  • ទៅឥតគេរក មកឥតគេហៅ។

  • ធ្ងន់នៅថ្ម ក្រនៅក្តី។
  • ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
  • ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
  • ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
  • ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
  • ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។
  • ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
  • ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។
  • ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
  • ធ្វើការតិចចាយច្រើនចម្រើនក្រ។
  • ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
  • ធុងទទេឮខ្លាំងណាស់។
  • ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
  • ធំតែខ្លួន ដូចឃ្លោក។

  • នារីមានប្តីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
  • និយាយបាតដៃជាខ្នងដៃ។
  • និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
  • និយាយបែកជាអូរ ហូរជាស្ទឹង។
  • និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
  • និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
  • នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
  • នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
  • នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
  • នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
  • នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។

  • បង់ព្រះទៅសំពះឯបាយាប។
  • បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
  • បន់ព្រះ សំពះទេព្តារ។
  • បណ្ឌិតមានការមិនរករឿងជាកម្លាំង។
  • បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់មាត់ អ្នលពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
  • បញ្ញើទុក ស្មើបំណុល។
  • ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
  • ប្រហែសបាត់ ប្រយ័ត្នគង់។
  • ប្រមាថម្តាយ រំលាយព្រះ។
  • ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
  • ប្រមាថចាស់ អាយុខ្លី។
  • ប្រមាត់ដី អួតចង់ឡើងទ្រើង។
  • ប្រញាប់ពេកដេកផ្លួវ។
  • ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
  • បាតដៃជាខ្នងដៃ។
  • បានតែបាប មិនឆ្អាបមាត់។
  • បានពីកែ្អក ចែកទៅតាវ៉ៅ។
  • បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
  • បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
  • បា្រក់ក៏បង់​ ថង់ក៏ដាច់។
  • ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
  • ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
  • បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
  • បុណ្យក៏ធ្វើ ​ឈើក៏កាប់។
  • បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
  • បួសដោយវត្ត ចិត្តដោយខ្លួន។
  • បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
  • បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
  • បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
  • បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
  • បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
  • បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
  • បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
  • បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
  • បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
  • បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
  • បើមិត្តមិនល្អ កុំយកជាមិត្ត។
  • បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
  • បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
  • បើកក្តោងទាន់ត្រូវខ្យល់។

  • ផឹកស្រាក្លាសំដី។
  • ផ្ទុករទេះតាមចំណុះ។
  • ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
  • ផ្លស់យស ព្រោះប្រមាថ។
  • ផ្ទះធំស្រណុក ដ្បិតភរិយាជា។
  • ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
  • ផោមក្នុងទឹកមេ្តចគង់ស្អុយ។

  • ពងមាន់កុំផ្ញើនឹងកែ្អក។
  • ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
  • ពាក្យអប្រិយចាញ់អាត្មា។
  • ពាក្យច្រើនភូត ចាញ់អាត្មា។
  • ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
  • ពាក្យម្តាយ ទំនាយគ្រូ។
  • ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
  • ពូជទានៅតែទា ពូជមាន់នៅតែមាន់។
  • ពូកែឯង ឲ្យក្រែងពូកែគេ។
  • ពួនតែមុខ គូថនៅកណ្តាលវាល។
  • ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
  • ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
  • ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
  • ព្រះមិនសម ព្រហ្មមិនជួយ។
  • ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។

  • ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
  • ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
  • ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
  • ភូតនៅហោរ ចោរនៅជាង។
  • ភ្លើងឆេះមកពីសម្រាម។

  • មនុស្សពាលមានការរករឿងជាកម្លាំង។
  • មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
  • មនុស្សកុំមើលងាយមនុស្ស។
  • មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
  • មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
  • មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
  • មនុស្សស្លាប់ ព្រោះវាចា។
  • មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
  • មនុស្សនឹងបា្រក់​ យក្សនឹងសាច់។
  • មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
  • មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
  • មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
  • មានគំនិត ឥតកំណើត។
  • មានដំបៅ​ទើបរុយវារោម។
  • មាត់តែប្រកែក អម្រែកតែទទួល។
  • មនុស្សចាប់ផ្តើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។

  • យកពងមាន់ទៅផ្ញើនឹងក្អែក។
  • យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
  • យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។
  • យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
  • យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។

  • រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
  • រកស៊ីនិងក្តិត ដូចពឹងពាង។
  • រកអុសប្រទះឈើងាប់។
  • រស់ក៏គាប់ ងាប់ក៏គួរ។
  • រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
  • រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
  • រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
  • រទីសរទាស ដូចរាស្រ្តឥតសេ្តច។
  • រលំមិនបាច់ច្រាន បានមិនបាច់ខំ។
  • រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
  • រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
  • រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
  • រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។

  • លាក់តែមុខ គូទនៅកណ្តាលវាល។
  • លិចសឹមលោត ដល់កំប៉ូតសឹមតោង។
  • លិចកញ្ជង់ លង់កញ្ជើ។
  • លូកប្រហុក លូកឲ្យកប់ក្លៀក។
  • លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
  • លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
  • លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
  • លឿន​លៃមិនទាន់។
  • លេងក្មេងអាប់យស ​លេងពស់ៗខាំ។
  • លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
  • លោភពេក វាបែកពោះ។

  • វក់នឹងអាភៀន តែងញៀនជាប់។
  • វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។

  • ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។
  • សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
  • សត្វតុកកែស្លាប់ ដោយសារប្រើស។
  • សង់ផ្ទះតាមចិត្តអ្នកនៅ។
  • សប្បាយមានទុក្ខ ស្រណុកមានភ័យ។
  • សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
  • សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
  • សរសើរតែមាត់ ចិត្តផ្ទន្ទា។
  • សាងល្អបានល្អ។
  • សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។
  • សាបមួយដៃ ប្រៃមួយចឹប។
  • ស្លាប់ដូចពស់ រស់ដូចកង្កែប។
  • ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
  • សីលជាស្ពាន ទានជាស្បៀង។
  • សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
  • សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
  • សំដីជាឯក លេខជាទោ អក្សរជាត្រី។
  • ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
  • សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។

  • ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
  • ហាហួសចង្កា ថាហួសសេចក្តី។
  • ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។

  • ឡេះឡោះ ដូចទឹកកន្លះក្អម។

  • អន្ទង់វែងឆ្នាំងវែង។
  • អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។
  • អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
  • អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
  • អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
  • អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
  • អាគកណា ក៏ស៊ីស្រូវដែរ។

  • ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។

ឯក​សារ​យោង​

  • សៀវ​​ភៅ​ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត
 


 

មុខ​របរ​ដាំ​ឈូក​នៅ​បឹង​តាមោក​ជិត​ផុត​រលត់

កុមារ​ជា​អ្នកដាំ​ឈូក​នៅ​បឹង​តាមោក​កំពុង​ប្រមូល​យក​ឈូក​ទុំ​ដើម្បី​លក់ (រូបថត អ៊ូ មុំ)
កុមារ​ជា​អ្នកដាំ​ឈូក​នៅ​បឹង​តាមោក​កំពុង​ប្រមូល​យក​ឈូក​ទុំ​ដើម្បី​លក់ (រូបថត អ៊ូ មុំ)
ការ​ដាំ​ឈូក ក្រៅ​ពី​ជា​មុខរបរ​បន្ទាប់​បន្សំ​​សម្រាប់​​អ្នក​រស់​នៅ​ជនបទ​ វា​ក៏​ជា​ឆ្នាំង​បាយ​មួយ​សម្រាប់​អ្នក​រស់​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ។
ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ត្រឹម​តែ​ជាង​ដប់​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ ​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​នៃ​បឹង​តាមោក ជាមួយ​នឹង​ដី​ល្បាប់​សម្បូរ​ដោយ​ជីជាតិ បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ក្រីក្រ​ឲ្យ​ប្រកប​របរ​ដាំ​ត្រកួន ព្រលឹត កំប្លោក និង​នេសាទ​ត្រី ដើម្បី​ចិញ្ចឹម​ជីវិត ។
លោក ផេង ហៃ វ័យ ៤៩​ឆ្នាំ​ ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​សែនសុខ ទើប​តែ​បាន​បោះ​ទីតាំង​កសិកម្ម​ថ្មី នៅ​លើ​បឹង​តាមោក​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​អ្នក​ដាំ​ឈូក​ផ្សេង​ទៀត ក៏​ទើប​តែ​ចាប់​ផ្តើម​បោះ​ទី​តាំង​របស់​ខ្លួន​នៅ​លើ​បឹង​ធម្មជាតិ​នេះ​ដែរ ។ នៅ​ចន្លោះ​ខែ​មិថុនា​ដល់​ខែ​កញ្ញា សមាជិក​សឹង​តែ​ទាំង​អស់​ នៅ​ក្នុង​គ្រួសារ​​អ្នក​ដាំ​ឈូក ក៏​ដូច​ជា​គ្រួសារ លោក ផេង ហៃ ត្រូវ​ចំណាយ​ពេល​រស់​នៅ​លើ​ទឹក​ ច្រើន​ជាង​រស់​នៅ​ផ្ទះ​ពិត​ប្រាកដ​របស់​ពួក​គាត់​ឯ​លើ​គោក ។ លោក ផេង ហៃ បាន​ប្រាប់​ថា ៖ «កុំ​ថា​ឡើយ​នៅ​ឆ្ងាយ សូម្បី​តែ​យើង​នៅ​យាម​ជាប់​ជានិច្ច ក៏​នៅ​មាន​អ្នក​ចូល​មក​លួច​កាច់​ឈូក​របស់​យើង​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​នៅ​យាម​ជាប់​ជានិច្ច ឲ្យ​តែ​នៅ​រដូវ​ឈូក​ឡើង» ។
មុន​ពេល​​ចាប់​ផ្តើម​ធ្វើ​រោង​នៅ​លើ​បឹង​នេះ ក្រៅ​ពី​មុខ​របរ​ជា​ទាហាន ​ លោក ផេង ហៃ ក៏​តែង​តែ​ដាក់​លប​ត្រី និង​ដាំ​បន្លែ​បន្តិច​បន្តួច​ជាង​១០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​បរិវេណ​បឹង​ធម្មជាតិ​នេះ។
រៀង​រាល់​ព្រឹក អ្នក​ស្រី ជួប ថាំង ជា​ភរិយា តែង​អុំ​ទូក​តម្រង់​មក​លើ​គោក ដើម្បី​ទិញ​បន្លែ ឬ​សាច់​បន្ថែម​ខ្លះៗ​ ទុក​ផ្សំ​ជា​ម្ហូប​ជាមួយ​អ្វី​ដែល​គាត់​រក​បាន​ក្នុង​បឹង​ធម្មជាតិ​មួយ​នេះ រួច​យក​ទៅ​ដាំ​ស្ល​ឯ​រោង​បណ្តោះ​អាសន្ន នៅ​កណ្តាល​បឹង​ដែល​អ្នក​ស្រី​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ២០០ ​ដុល្លារ ដើម្បី​សង់​ទុក​ជ្រក​នៅ​យាម និង​ប្រមូល​ផល​ឈូក ។
ឈូក​មួយ​ដើម​អាច​ផ្តល់​ផល​ច្រើន​យ៉ាង​ដូច​ជា ផ្កា ផ្លែ ក្រអៅ និង​មើម​ ប៉ុន្តែ​ប្រជាជន​ជ្រើស​យក​ការ​ប្រមូល​តែ​មួយ​បែប​គត់ សម្រាប់​ឈូក​មួយ​ដើម ។
ក្នុង​វ័យ​១៤​ឆ្នាំ កុមារា ហាក់ គីម​ហៀង ដែល​ត្រូវ​ជួយ​ឪពុក​ម្តាយ​បេះ​ឈូក​លក់​ជា​រៀង​រាល់​ថ្ងៃ បាន​ឲ្យ​ដឹង​ថា ៖ «បើ​យើង​បេះ​ផ្កា​ឈូក​លក់ យើង​មិន​អាច​យក​ផ្លែ ក្រអៅ​ ឬ​មើម​បាន​ឡើយ ដូច្នេះ​យើង​តែង​តែ​បេះ​ឈូក​ទុំ ព្រោះ​វា​អាច​លក់​បាន​ថ្លៃ» ។
ទាក់​ទិន​នឹង​ការ​ប្រមូល​ផល​អ្នកស្រី​ ជួប ថាំង បាន​ឲ្យ​ដឹង​ថា ៖ «យើង​អាច​ប្រមូលផល​ឈូក​ទុំ​ពី​ ៣០ ​ទៅ​ ៤០ ​គីឡូក្រាម​​ក្នុង​១​សប្តាហ៍ ។ ដោយ​ក្នុង ​១​ គីឡូក្រាម ​អាច​លក់​បាន​ពី​ ៧៥០០ ​រៀល ទៅ​ ១​ម៉ឺន​រៀល» ។
ថ្វីដ្បិត​តែ​នៅ​ខែ​សម្បូរ​ឈូក មាន​ម៉ូយ​កុម្ម៉ង់​ទិញ​អស់ៗ ប៉ុន្តែ​ដោយ​សារ​ឈូក​ទុំ​ទុក​បាន​យូរ ដូច្នេះ​ទើប​អ្នក​ដាំ​ឈូក​ភាគ​ច្រើន​ត្រូវ​លៃលក​ផល​របស់​ខ្លួន​ស្តុក​ទុក​ខ្លះ ដើម្បី​លក់​នៅ​ខែ​ខ្សត់​ខណៈ​ដែល​វា​ឡើង​ថ្លៃ ។
និយាយ​ដល់​ការ​ដាំ​ឈូក​នេះ អ្នក​ស្រី​បាន​បន្ត​ថា ៖ «នៅ​ខែ​មីនា ឬ​មេសា យើង​ចាប់​ផ្តើម​ដាំ​ឈូក ដោយ​ទិញ​ពូជ​អស់​ប្រមាណ ២០០ ​ដុល្លារ បន្ទាប់​ពី​ដាំ​កូន​ឈូក​ហើយ ខ្ញុំ​ត្រូវ​រង់​ចាំ​ប្រមាណ​​ជា​ ៤​ ខែ ដើម្បី​ទទួល​ផល ហើយ​រយៈ​ពេល​ប្រមូល​ផល​គឺ​មាន​ប្រហែល​៣​ខែ រហូត​ដល់​ពេល​ទឹក​ឡើង​លិច​ឈូក​អស់» ។
ទោះ​បី​ជា​យ៉ាង​ណា អ្នក​ដាំ​ឈូក និង​មាន​ជម្រក​បណ្តោះ​អាសន្ន​នៅ​លើ​បឹង​តាមោក ​​ជាង​ ៤០ ​គ្រួសារ ក្នុង​សង្កាត់​សំរោង ខណ្ឌ​សែនសុខ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ក៏​ដូចជា​បង្ក​ក្តី​បារម្ភ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រុះរើ​ចេញ ខណៈ​ដែល​ផល​ឈូក​របស់​គេ​មិន​ទាន់​ប្រមូល​រួច ។
អ្នក​ស្រី អៀម សុខ បាន​ប្រាប់​ថា អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ពី​ការ​បេះឈូក ដក​ព្រលឹត និង​នេសាទ​ត្រី ក្នុង​បឹង​នេះ ដើម្បី​ផ្គត់​ផ្គង់​សមាជិក​ នាក់​ នៅ​ក្នុង​គ្រួសារ​អ្នកស្រី ។
ស្ថិត​ក្នុង​រោង​បណ្តោះ​អាសន្ន​ដែល​កំពុង​រើរុះ​នៅ​សល់​តែ​ដំបូល ស្រ្តី​វ័យ​ ៣០ ​ឆ្នាំ​រូប​នេះ បាន​ថ្លែង​ទាំង​ក្រៀម​ក្រំ​ថា ៖ «ពួក​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពន្យារ​ពេល​ឲ្យ​ពួក​ខ្ញុំ​ នៅ​ចាំ​បេះឈូក​អស់​ប្រហែល​ពីរ​ខែ​ទៀត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​ព្រម» ។
អ្នកស្រី អៀម សុខ សម្លឹង​មើល​ផ្ទះ​ក្បែរ​ទឹក​ដែល​គេ​កំពុង​រុះរើ (រូបថត ហុង មិនា)
អ្នកស្រី អៀម សុខ សម្លឹង​មើល​ផ្ទះ​ក្បែរ​ទឹក​ដែល​គេ​កំពុង​រុះរើ (រូបថត ហុង មិនា)
សម្លឹង​មើល​ទៅ​ចម្ការ​ឈូក​ដ៏​ខ្ចី​ល្វក់​របស់​ខ្លួន អ្នក​ស្រី អាង រស់ ​ជា​អ្នក​ដាំ​ឈូក​ម្នាក់​ទៀត បាន​និយាយ​ទាំង​ស្រពាប់​ស្រពោន​ថា ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​លើ​បឹង​តាមោក​នេះ​នឹង​ត្រូវ​បាន​បាត់​បង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ ។ អ្នក​ស្រី​បាន​ត្អូញ​ថា ៖​ «កាល​ពី​ចាប់​ផ្តើម​ធ្វើ​ចំណាយ​អស់​ជាង​ ២០០​ ដុល្លារ​ដែរ ហើយ​ត្រូវ​ចង​ការ​គេ​ទៀត បើ​ឲ្យ​រុះរើ​បែប​នេះ ពួក​ខ្ញុំ​នៅ​តែ​ជំពាក់​គេ​ដដែល​ហ្នឹង​ មាន​កន្លែង​ឯ​ណា​ជ្រក ទោះ​បី​ជា​គេ​ឲ្យ​នៅ​ដាំ​ក៏​ដោយ» ។ អ្នក​ស្រី​បាន​បន្ត​ថា ៖ «ថ្ងៃ​ខ្លះ​ ខ្ញុំ​អាច​រក​៣​ម៉ឺន ទៅ​៤​ម៉ឺន​ក៏​មាន ប៉ុន្តែ​ក៏​មាន​ថ្ងៃ​ខ្លះ​រក​មិន​បាន ហើយ​​ជួន​កាល​មួយ​អាទិត្យ​អាច​បេះ​បាន​តែ​២​ទៅ​៣​ថ្ងៃ​ក៏​មាន» ។
គួរ​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​ទៅ សាលា​ខណ្ឌ​សែនសុខ បាន​ចេញ​លិខិត​ជូន​ដំណឹង​ជា​លើក​ទី​២ តាម​រយៈ​លិខិត​លេខ ០៧៣ សជណ សអណ១ ចុះ​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១១ ដល់​ម្ចាស់​សម្រាស់ និង​ជម្រក​បណ្តោះ​អាសន្ន នៅ​លើ​បឹង​សាធារណៈ​របស់​រដ្ឋ (បឹង​តាមោក និង​សំរោង) ឲ្យ​រុះរើ​សំណង់​ចេញ​ឲ្យ​អស់​ពី​បឹង​ក្នុង​រយៈ​ពេល​១០​ថ្ងៃ ក្នុង​ន័យ​រក្សា​ឲ្យ​គង់​វង្ស​នូវ​ផ្ទៃ​បឹង​សាធារណៈ​របស់​រដ្ឋ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ សំណង់​ជម្រក​បណ្តោះ​អាសន្ន​ជា​ច្រើន ត្រូវ​បាន​បង្ខំ​ឲ្យ​រុះរើ​ស្ទើរ​តែ​ទាំង​ស្រុង តាម​លិខិត​របស់​សាលា​ខណ្ឌ ៕
ដោយ អ៊ូ មុំ សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១១

គេហទំព័រ​ «កណ្ដុរ» ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ

អ្នក​ជំនាញ និង​អ្នក​ចង់​ស្វែង​យល់​អំពី​សត្វ​កណ្ដុរ​ ឥឡូវ​នេះ​មាន​ផ្លូវ​ដែល​អាច​ស្វែង​រក​ព័ត៌មាន និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​បំផុត​អំពី​ពួក​សត្វ​កកេរ​នេះ ។ គេហទំព័រ​ថ្មី​មួយ​មាន​ឈ្មោះ​ថា «អ្វីៗ​ទាំង​អស់​អំពី​កណ្ដុរ (All About Rodents)» បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ តាម​រយៈ​អាសយដ្ឋាន https://sites.google.com/site/rodentmanagement/home ។
គេហទំព័រ​នេះ​ផ្ទុក​ទៅ​ដោយ​ព័ត៌មាន​អំពី​បច្ចុប្បន្ន​ភាព​នៃ​សត្វ​កណ្ដុរ​នៅ​ជុំវិញ​ពិភពលោក និង​ព័ត៌មាន​សង្ខេប​របស់​អ្នកជំនាញ​អន្តរជាតិ អត្ថបទ​បច្ចេកទេស និង​ការ​បោះពុម្ព​ផ្សេងៗ​ស្ដីពី​ជីវវិទ្យា និង​ការ​គ្រប់គ្រង​កណ្ដុរ ។
លើស​ពី​នេះ ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​ឡើង ដូចជា សន្និសីទ និង​សិក្ខាសាលា និង​ឱកាស​នៃ​ការ​ស្រាវជ្រាវ​សម្រាប់​និស្សិត​ ហើយ​នឹង​អនុសាសន៍​នានា​សម្រាប់​ការ​គ្រប់គ្រង​សត្វ​កណ្ដុរ​ដោយ​ធម្មជាតិ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ក្នុង​ប្រព័ន្ធ​ដំណាំ​ស្រូវ​តំបន់​ទំនាប ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គេហទំព័រ​ផង​នេះ​ដែរ ៕

ចំណុច​គួរ​ពិចារណា ល្អ ឬ អាក្រក់

ផ្លូវ​ផាប់ស្ត្រីត (Street) គឺ​ជា​ប្លុក​ទេសចរណ៍​ដ៏​សំខាន់​របស់​ខេត្ត​សៀមរាប ក្រៅ​ពី​តំបន់​ឧទ្យាន​ជាតិ​អង្គរ ហើយ​ប្លុក​នេះ​មាន​ទិដ្ឋភាព​រស់​រវើក​នៅ​ពេល​យប់​ ប្រមូល​ផ្ដុំ​ទៅ​ដោយ​ភោជនីដ្ឋាន បៀរហ្គាដិន កន្លែង​លក់​បាយ​ឆា មីឆា និង​ទឹកក្រឡុក ។ល។ រហូត​ទាល់​ភ្លឺ ។ កន្លែង​មាន​ជន​បរទេស​ច្រើន​កុះករ​ដូច​នេះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ឱកាស​ជា​អនេក​ដល់​សកម្មភាព​លក់​ដូរ​ដទៃ​ទៀត និង​ជា​ពិសេស «ស្មុំ» ។
កាល​បម្រើការ​នៅ​ខេត្ត​សៀមរាប​ពី​ឆ្នាំ​២០០៦ ដល់​២០១០ ខ្ញុំ​ឧស្សាហ៍​ធ្វើ​ដំណើរ​មក​ភ្នំពេញ​នៅ​ពេល​យប់​ម៉ោង​១២​អធ្រាត្រ​តាម​ក្រុមហ៊ុន​វីរៈប៊ុនថាំ ដែល​មាន​ទីតាំង​នៅ​ជិត​ធនាគារ​ជាតិ​ខេត្ត​សៀមរាប ម្ដុំ​ផ្សារចាស់ និង​ផាប់ស្ត្រីត ។
នៅ​ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​បាន​ប្រទះ​ឃើញ​ក្មេង​មួយ​ក្រុម​មាន​ប្រុស​មាន​ស្រី អាយុ​ប្រមាណ​ពី​៨ ទៅ​១៤​ឆ្នាំ នៅ​រេរង់​សុំ​លុយ​ពី​ទេសចរ​បរទេស ។ ប្រសិន​បើ​អ្នក​ដែល​គេ​សុំ​នោះ​ឆ្លើយ​ថា «ទេ» ពួក​គេ​នឹង​ដើរ​តាម​តត្រុក ចាប់​ទាញ​ដៃ ឬ​ទាញ​អាវ​ពុំ​ព្រម​លែង ហើយ​បើ​សិន​ភ្ញៀវ​នោះ​ពុំ​ព្រម​ឲ្យ​ទៀត ពួក​គេ​នឹង​ជេរ​ពាក្យ​អសុរស​ជា​ភាសា​អង់គ្លេស ធ្វើ​ឲ្យ​ភ្ញៀវ​ខឹង​សម្បា និង​ធុញ​ទ្រាន់​ជា​ខ្លាំង ។
នៅ​ពេល​ក្មេង​ស្រី​២​នាក់​ (ម្នាក់​អាយុ​ប្រមាណ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ប្រមាណ​៧​ឆ្នាំ) កំពុង​ទាញ​ដៃ​ភ្ញៀវ​បរទេស​បរទេស​២​នាក់​អាយុ​ប្រមាណ​៣០​ឆ្នាំ ខ្ញុំ​ក៏​បាន​ទាញ​ម៉ាស៊ីន​ថត​មក​ថត​យក​ទិដ្ឋភាព​នោះ ។ ស្រាប់​តែ​មាន​ស្ត្រី​រាង​ចំណាស់​បន្តិច​នៅ​ក្បែរ​នោះ​បាន​ធ្វើ​សញ្ញា​ឲ្យ​ក្មេង​នោះ​បញ្ឈប់​សកម្មភាព និង​បាន​អូស​ដៃ​យក​ទៅ​ណែនាំ​នៅ​កន្លែង​ស្ងាត់ ។ បន្ទាប់​មក​ក្មេង​ស្រី​នោះ​បាន​មក​សួរ​ខ្ញុំ​ថា «ពូ​ជា​អ្នក​កាសែត​មែន​ទេ ?» ។ ពេល​នោះ​ខ្ញុំ​ចាប់​អារម្មណ៍​ថា ក្មេង​ទាំង​នោះ​មាន​មេ​កើយ ឬ​ម្ដាយ​តាម​ឃ្លាំ​មើល និង​ធ្វើ​សកម្មភាព​ដោយ​ប្រយ័ត្ន​ប្រយែង​ព្រោះ​ខ្លាច​អ្នក​កាសែត ។ មិន​ដឹង​ថា​ពួក​គេ​ខ្លាច​នរគបាល​ដែរ​ឬ​ទេ ? ប៉ុន្តែ​បើ​តាម​ខ្ញុំ​ពិនិត្យ​មើល មាន​ប៉ូលីស​នៅ​ចាំ​យាម​ការពារ​សន្តិសុខ​នៅ​ក្បែរៗ​នោះ​ដែរ ។
លុះ​ដល់​មក​ដល់​យប់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៩ ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍​គួរ​ឲ្យ​កត់​ចំណាំ​មួយ​ទៀត​គឺ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ បាន​យក​សៀវភៅ​ជា​ភាសា​អង់គ្លេស​ពីរ​បី​ក្បាល​ទៅ​ស្នើ​សុំ​ឲ្យ​ភ្ញៀវ​ជនជាតិ​អាល្លឺម៉ង់​ពីរ​នាក់ (ប្រុស​ម្នាក់ ស្រី​ម្នាក់) អាយុ​ស្របាល​៣០​ឆ្នាំ​ជួយ​ទិញ​ពី​គេ ។ ពេល​ភ្លៀវ​បដិសេធ គេ​បាន​រៀប​រាប់​គួរ​ឲ្យ​កំសត់​ថា​គេ​មិន​ទាន់​បាន​ហូប​បាយ​នៅ​ឡើយ គេ​គ្មាន​ប្រាក់​ហូប​បាយ​ទេ ស្នើ​សុំ​ឲ្យ​ភ្ញៀវ​ទាំង​ទ្វេរ​ចេញ​លុយ​ថ្លៃ​បាយ​ឆា​មួយ​ចាន​ឲ្យ​គេ​ហូប ។ ដោយ​អាណិត​អាសូរ​ ភ្ញៀវ​ស្រី​ប្រុស​ទាំង​ពីរ​បាន​យល់​ព្រម ។ បន្ទាប់​ពី​បាន​បាយ ស្រាប់​តែ​គេ​សុំ​ទឹក​ក្រឡុក​​ថែម​មួយ​កែវ​ទៀត ។ នៅ​ពេល​លើក​បាយ​ឆា និង​ទឹក​ក្រឡុក​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នោះ អ្នកមីង​ម្ចាស់​កន្លែង​លក់​ និង​ជា​ចុងភៅ បាន​ប្រាប់​ទៅ​អ្នក​បម្រើ​ថា «មិន​បាច់​ដាក់​អា​នេះ ដាក់​អា​នោះ​ឲ្យ​វា​ទេ ព្រោះ​វា​មិន​ចេះ​ស៊ី​ទេ» ។ ឮ​ពាក្យ​សម្ដី​ទាំង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា «ហ្អា៎ ! នេះ​មិន​មែន​ជា​លើក​ទី​១​របស់​ក្មេង​ម្នាក់​នេះ​ទេ ប្រហែល​ជា​ញយ​ដង​មក​ហើយ​បាន​ជា​អ្នក​មីង​ដឹង​ច្បាស់​ពី​វា​យ៉ាង​នេះ» ។ គ្រាន់​តែ​ហូប​បាយ​បាន​ពីរ​បី​ស្លាបព្រា ស្រាប់​តែ​មាន​ក្មេង​ប្រុស​ស្រករ​គ្នា​ម្នាក់​ទៀត​លេច​មុខ​ឡើង​ស្នើ​ឲ្យ​ភ្ញៀវ​បរទេស​ទាំង​ពីរ​នាក់​ចេញ​លុយ​បាយ​ឲ្យ​គេ​មួយ​ចាន​ដែរ ប៉ុន្តែ​ពួក​ភ្ញៀវ​ប្រកែក ។ ជា​លទ្ធផល​ ក្មេង​ទាំង​ពីរ​កាន់​ស្លាបព្រា​ម្នាក់​មួយ​កាយ​បាយ​ដាក់​មាត់​ពី​ក្នុង​ចាន​តែ​មួយ ។ តើ​ទង្វើ​នេះ​ជា​ការ​ចៃដន្យ​ម្ដង​ម្កាល ឬ​ទង្វើ​ដែល​មាន​ការ​តាំង​ចិត្ត​ជា​មុន ?
ការ​រៀបរាប់​ទាំង​ប៉ុន្មាន​នេះ​គឺ​ជា​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា​ តើ​ទង្វើ​បែប​នេះ​ល្អ ឬ​មិន​ល្អ មាន​គុណវិបត្ត និង​គុណសម្បត្តិ​យ៉ាង​ណា ឬ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ជា​ពិសេស​ប៉ះទង្គិច​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​យ៉ាង​ណា​ក៏​ទេ​ដែរ ។ ​ខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ធ្វើ​ការ​វាយ​តម្លៃ និង​មាន​វិធានការណ៍​សមស្រប​មិន​ខាន ៕

December 10, 2010

ដំណាំ​ស្វាយចន្ទី

តាម​វចនានុក្រម «ស្វាយចន្ទី» គឺ​ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​ ឬ​ជា​អន្លក់​បាន, ផ្លែ​លៀន​ចុង​គ្រាប់​លេច​ចេញ​មក​ខាង​ក្រៅ វេលា​ទុំ​មាន​ក្លិន​ក្រអូប​ឆួល​ឆ្ងិត​បន្តិច មាន​ជ័រ​បន្តិច​ៗ​ប្រើ​ការ​ញាំ​បរិភោគ​បាន, បើ​គេ​ចេះ​ផ្សំ​គ្រឿង​ញាំ មាន​ជីវជាតិ​ឆ្ងាញ់​ពីសា​គ្រាន់​បើ​ដែរ, ជា​ដំណាំ​មិន​សូវ​រើស​ដី ។ អ្នក​ស្រុក​ខ្លះ​ហៅ​ស្វាយចន្ទី​ថា «ខ្យូវ» គេ​និយាយ​ថា ដើម​ខ្យូវ ផ្លែ​ខ្យូវ គ្រាប់​ខ្យូវ ។

ការ​ដាំដុះ​ស្វាយចន្ទី​នៅ​ជុំ​វិញ​ពិភពលោក

ដើម​ស្វាយចន្ទី​មាន​ដើម​កំណើត​នៅ​ប្រទេស​ប្រេស៊ីល ហើយ​សព្វថ្ងៃ​គេ​ឃើញ​មាន​ដើម​ស្វាយចន្ទី​ជាច្រើន​ត្រូវ​បាន​ដាំ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​ត្រូពិច ពីព្រោះ​ឈើ​នេះ​ងាយ​ស្រួល​ដាំ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ឈើ​ដទៃ​ទៀត ព្រោះ​វា​មិន​ចាំ​បាច់​ត្រូវការ​ដី​ដែល​មាន​ជីជាតិ​ណាស់​ណា​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​របស់​វា​ផ្ដល់​នូវ​ជីវជាតិ​ខ្ពស់ ហើយ​ដើម​ស្វាយចន្ទី​ជួយ​ការពារ​បញ្ហា​ហូរ​ច្រោះ​ដី​ផង​ដែរ ។ ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ដំណាំ «កសិករ​ក្រីក្រ» ពីព្រោះ​មាន​កសិករ​ក្រីក្រ​ជាច្រើន​ចូលចិត្ត​ដាំ​វា ២ ​ទៅ​ ៣​ ដើម ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ចាំ​បាច់​នៅ​ក្នុង​ផ្ទះ​របស់​គេ ដូចជា ការ​ចំណាយ​ទៅ​លើ​សុខភាព និង​ទៅ​លើ​ប្រេង​ឥន្ធនៈ​ជាដើម ។
ដើម​ស្វាយចន្ទី​ត្រូវការ​រយៈពេល​ពី ទៅ ៤​ឆ្នាំ ដើម្បី​អាច​ប្រមូលផល​ជា​លើក​ដំបូង ហើយ​វា​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅ​ពេល​វា​អាយុ ៧ ឆ្នាំ ។ ដោយ​ឡែក​ដើម​របស់​វា​គួរ​តែ​កាប់​ចោល និង​ដាំ​សា​ជា​ថ្មី​នៅ​ពេល​ដែល​វា​មាន​អាយុ ២៥ ឆ្នាំ ។ តាម​ធម្មតា ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផលិតផល​សរីរាង្គ (មិន​ប្រើ​ជី​គីមី) ពីព្រោះ​កសិករ​ក្រីក្រ​មិន​អាច​មាន​ប្រាក់​ទៅ​ទិញ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ទេ ។ ដោយសារ​តែ​កសិករ​ភាគ​ច្រើន​មាន​ការ​ចំណាយ និង​ការ​ថែទាំ​តិច​តួច ដូច្នេះ​ទិន្នផល និង​ប្រាក់​ចំណូល​របស់​ពួក​គេ​ក៏​បាន​តិច​តួច​ដែរ ។ ដើម​ស្វាយចន្ទី​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​រក​បាន​ចំណូល​ច្រើន​ប្រសិនបើ​កសិករ​ប្រើ​ជី​សរីរាង្គ និង​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ (ដូចជា ការ​កាត់​មែក និង​ការ​កម្ចាត់​សត្វ​ចង្រៃ​ដោយ​សារធាតុ​សរីរាង្គ) លើក​កម្ពស់​ការ​អនុវត្ត​ការ​ប្រមូល​ផល ការ​កែច្នៃ និង​ស្តុកទុក ។
ស្វាយចន្ទី​ត្រូវ​បាន​គេ​ធ្វើ​ពាណិជ្ជកម្ម​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​នៅ​ទសវត្សរ៍​១៩២០ គឺ​បន្ទាប់​ពី​រោងចក្រ​កែច្នៃ​បាន​រក​ឃើញ​នូវ​បច្ចេកវិទ្យា​បក​សម្បក​មិន​ឲ្យ​បែក​គ្រាប់​ច្រើន ឬ​មិន​ឲ្យ​បែក​ហូរ​ជាតិ​ពុល​ពី​សម្បក​ទៅ​ប៉ះ​នឹង​គ្រាប់ ។ ចាប់​តាំង​ពី​ទសវត្សរ៍​១៩២០ ទៅ​ដល់​ពាក់​កណ្ដាល​ទសវត្សរ៍​១៩៧០ ការ​ប្រមូល​ផល​ស្វាយចន្ទី​បាន​កើន​ឡើង​ជា​លំដាប់​នៅ​អាហ្វ្រិក​ខាង​កើត និង​ឥណ្ឌា ។ ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៧៥ សង្គ្រាម និង​ជំងឺ​បាន​បំផ្លាញ​ឧស្សាហកម្ម​បក​សម្បក​ស្វាយចន្ទី​យ៉ាង​ខ្លាំង​នៅ​អាហ្វ្រិក​ខាងកើត ។ ការ​ដាំ​ស្វាយចន្ទី​បន្ត​កើន​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល ។ ចាប់​ពី​ទសវត្សរ៍​១៩៩០ ការ​ដាំដុះ​ស្វាយចន្ទី​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប្រទេស​វៀតណាម ។ ប្រទេស​ឥណ្ឌា​បាន​ដាំ​ស្វាយចន្ទី​ច្រើន​ជាង​គេ មាន​ចំនួន​ ២៣% នៃ​ផលិតផល​សរុប​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០០៩ ។ ផលិតផល​ស្វាយចន្ទី​វៀតណាម (រួម​នឹង​ស្វាយចន្ទី​កម្ពុជា) ឈរ​លំដាប់​ថ្នាក់​ទី​៤ លើ​ពិភពលោក​ដែល​មាន​ចំនួន ១៥% ។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ដាំដុះ​នៅ​ទ្វីប​អាហ្វ្រិក ដំណាំ​នេះ​ត្រូវ​បាន​ងើប​ឡើង​ជា​ថ្មី​ម្ដង​ទៀត ដោយសារ​តែ​មាន​ការ​ជួយ​លើក​ទឹក​ចិត្ត​គាំទ្រ​ពី​ស្ថាប័ន Africa Cashew Initiative (គម្រោង​ស្វាយចន្ទី​ទ្វីប​អាហ្វ្រិក) និង​មូលនិធិ​ហ្គេត (Gates Foundations) ។ នៅ​ក្នុង​ឆ្នាំ​២០០៩ ទ្វីប​អាហ្វ្រិក​ខាង​លិច​ទាំង​មូល​ដាំដុះ​បាន ៣៧% នៃ​បរិមាណ​ស្វាយចន្ទី​ទូទាំង​ពិភពលោក (កើន​ឡើង​ពី​ ១២% នៅ​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ទ្វីប​អាហ្វ្រិក​ខាងកើត​ទាំង​មូល​ដាំ​បាន ៨% និង​ប្រទេស​ប្រេស៊ីល​ដាំ​បាន ១៣%) ។

គុណភាព​ស្វាយចន្ទី

គុណភាព និង​តម្លៃ​លក់​ស្វាយ​ចន្ទី (ទាំង​សម្បក) ដំបូង​បំផុត​គឺ​កំណត់​ដោយ​ទិន្នផល​របស់​វា ទំហំ​គ្រាប់ និង​ការ​ខូចខាត​ដោយសារ​ផ្សិត ឬ​សត្វ​ល្អិត​ស៊ី ។ ទិន្នផល និង​ទំហំ​គ្រាប់​ស្វាយចន្ទី​មាន​ភាព​ខុសគ្នា​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដូចជា ពូជ លក្ខខណ្ឌ​នៃ​ការ​ដាំដុះ ការ​ថែរក្សា ការ​ប្រមូល​ផល ការ​សម្ងួត​ក្រោយ​ពេល​ប្រមូល​ផល ការ​ស្តុកទុក និង​ការ​បក​សម្បក ។ ជាទូទៅ គ្រាប់​មាន​ទំហំ​ធំ​គឺ​មាន​តម្លៃ​ខ្ពស់ ។
ការ​ធ្វើ​ចំណាត់​ថ្នាក់​គុណភាព (Grade) របស់​ស្វាយចន្ទី​គឺ​កំណត់​ដោយ​អង្គការ​មាត្រដ្ឋាន​គុណភាព​អន្តរជាតិ ដូចជា សមាគម​ឧស្សាហកម្ម​ស្បៀង​អាហារ (AFI) នៅ​សហរដ្ឋ​អាមេរិក ក្រុមប្រឹក្សា​លើក​កម្ពស់​ការ​នាំ​ចេញ​ស្វាយចន្ទី​របស់​ឥណ្ឌា (CEPC) ។ កម្រិត​ស្ដង់ដារ​មួយ​ដែល​អាច​ទទួល​យក​បាន (ក្នុង​ចំណោម​កម្រិត​ស្ដង់ដារ​ទាំង​៣០) មាន​ឈ្មោះ​ថា WW320 ជា​កម្រិត​មួយ​ដែល​សមរម្យ​បំផុត​សម្រាប់​ប្រភេទ​អាហារ​សម្រន់ ។ នៅ​លើ​ទីផ្សារ​អន្តរជាតិ តម្លៃ​ត្រូវ​បាន​គិត​ជា​ដុល្លា​ក្នុង​ទម្ងន់​មួយ​ផោន ។

យន្តកម្ម​កែច្នៃ​ស្វាយចន្ទី

អស់​រយៈពេល​ជាច្រើន​ឆ្នាំ មាន​កិច្ច​ខិតខំ​ព្យាយាម​ដើម្បី​អភិវឌ្ឍ​ម៉ាស៊ីន​បក​សម្បក​ស្វាយចន្ទី​ដែល​មាន​តម្លៃ​សមរម្យ​ដែល​អាច​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អាច​ទិញ​បាន ។ ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា ម៉ាស៊ីន​បក​សម្បក​ស្វាយចន្ទី​ដែល​មាន​តម្លៃ​ថោក​មិន​សូវ​ល្អ ពីព្រោះ​វា​ធ្វើ​ឲ្យ​គ្រាប់​ស្វាយចន្ទី​បែក​បាក់​ច្រើន ។
នៅ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ប្រាក់​ឈ្នួល​ពលកម្ម​ឡើង​ខ្ពស់ និង​មាន​កង្វះ​កម្លាំង​ពលកម្ម​នៅ​តាម​ជនបទ​នៅ​ប្រទេស​ឥណ្ឌា និង​វៀតណាម បាន​ធ្វើ​ឲ្យ​យន្តកម្ម​រោងចក្រ​ខ្នាត​តូច​កាន់​តែ​មាន​ប្រជាប្រិយភាព ។ នៅ​ឆ្នាំ​២០០៩ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ឧបករណ៍​កែច្នៃ​ថ្មីៗ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ដែល​ធានា​ថា​វា​នឹង​មិន​ធ្វើ​ឲ្យ​គ្រាប់​ស្វាយចន្ទី​បាក់បែក​ច្រើន និង​ធូរ​ថ្លៃ​អាច​អាច​ទិញ​ប្រើប្រាស់​បាន ។ ម្យ៉ាង​ទៀត​ម៉ាស៊ីន​បក​សម្បក​នេះ​មាន​ប្រសិទ្ធិភាព​ដូច​គ្នា​នឹង​ការ​ចំណាយ​មនុស្ស ៣០​នាក់ ឲ្យ​មក​ធ្វើការ​អញ្ចឹង​ដែរ ។ ហេតុ​នេះ​ប្រសិនបើ​ម៉ាស៊ីន​បក​សម្បក​ដែល​កំពុង​ដំណើរ​ការ​នៅ​ចំនួន​ពាក់​កណ្ដាល​នៃ​រោងចក្រ​ទាំងអស់ (សរុប ២២៥ នៅ​វៀតណាម) មាន​គុណភាព​ល្អ​ដូច​បាន​អះអាង​មែន ពួក​គេ​នឹង​ទាក់​ទាញ​បាន​អតិថិជន​យ៉ាង​ច្រើន​ដើម្បី​ទិញ​ម៉ាស៊ីន​នោះ ហើយ​នៅ​ក្នុង​រយៈពេល​២ ទៅ​៣​ឆ្នាំ​ខាងមុខ គ្រឿង​យន្ត​កែច្នៃ​ស្វាយចន្ទី​នឹង​កាន់​តែ​រីក​ដុះដាល​បន្ថែម​ទៀត ។
ដោយ​ឡែក​មាន​ការ​អភិវឌ្ឍ និង​ការ​កែ​លម្អ​យ៉ាង​ច្រើន​នៅ​ក្នុង​បច្ចេកវិទ្យា​គ្រឿងចក្រ​កែច្នៃ​ស្វាយចន្ទី​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល គឺ​មាន​ន័យ​ថា គ្រឿង​ចក្រ​កែច្នៃ​អាច​កាត់​បន្ថយ​នូវ​អត្រា​ខូចខាត ឬ​បែក​បាក់​គ្រាប់​ស្វាយចន្ទី​រហូត​ដល់​ក្រោម ២០% ដែល​មាន​លក្ខណៈ​ដូចជា​ការ​បក​សម្បក​ដោយ​ដៃ​ផង​ដែរ ។ ទោះ​ជា​ម៉ាស៊ីន​នោះ​មាន​គុណភាព​ល្អ និង​អាច​បែង​ចែក​គុណភាព​គ្រាប់​ស្វាយចន្ទី​បាន​សុក្រឹត​ក៏​ដោយ ដោយសារ​តែ​ម៉ាស៊ីន​មាន​តម្លៃ​ខ្ពស់ និង​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​ដើម្បី​បញ្ជា​វា ដូច្នេះ​ការ​បែងចែក​គុណភាព​គ្រាប់​ស្វាយចន្ទី​ដោយ​មនុស្ស​នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ។


កោះសន្តិភាព​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​លួច​អត្ថបទ​របស់​ខ្លួន

នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០​នេះ សារព័ត៌មាន​កោះសន្តិភាព​បាន​ព្រមាន​វ៉េបសាយ​ទាំងឡាយ​ណា​ដែល​បាន​ចម្លង​អត្ថបទ​ និង​រូបភាព​របស់​ខ្លួន​យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ថា បាន​រំលោភ​បំពាន​ទៅ​លើ​កម្មសិទ្ធិបញ្ញា ។ តាម​អត្ថបទ​ដែល​មាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​មួយ​នេះ​បាន​លើក​ឡើង​ថា «ម្ចាស់​វ៉េបសាយ​ទាំង​ឡាយ​ដែល​ធ្លាប់​តែ​លួច​ចម្លង​អត្ថបទ និង​រូបភាព​របស់​កោះសន្តិភាព​សូម​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ចៀស​វាង​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ម្ចាស់​វ៉េបសាយ​នានា​នឹង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​​លួច​ចម្លង​អត្ថបទ​ព័ត៌មាន និង​រូបភាព​នៅ​ក្នុង​វ៉េបសាយ​របស់​សារព័ត៌មាន​កោះសន្តិភាព ហើយ​ខិតខំ​ម្ចាស់​ការ​ធ្វើ​ដោយ​ខ្លួន​ឯង ទើប​ជា​ការ​ល្អ និង​ស័ក្តិ​សម​ជា​អ្នក​ប្រកួត​ប្រជែង» ។
មិន​ដឹង​ថា​ការ​ព្រមាន​នេះ​សំដៅ​ទៅ​លើ​តែ​វ៉េបសាយ​រក​កម្រៃ ឬ​ក៏​ផ្ដោត​ទៅ​លើ​វ៉េប និង​ប្លុក​ទាំង​អស់ រួម​ទាំង​ប្លុក «ឈូកខ្មែរ» របស់​ខ្ញុំ​ដែល​មិន​ស្វែង​រក​កម្រៃ​ក៏​ទេ​ដែរ ? ព្រោះ​កន្លង​មក​នេះ ខ្ញុំ​បាន​យក​អត្ថបទ​មួយ​ចំនួន​របស់​កោះសន្តិភាព​ពាក់​ព័ន្ធ​នឹង​ «សិល្បៈ​វប្បធម៌» មក​ចុះ​ផ្សាយ​បន្ត​នឹង​គេ​ដែរ ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការគោរព​កម្មសិទ្ធិបញ្ញា​នេះ ជា​គោលការណ៍​ដែល​ខ្ញុំ​តែង​តែ​ប្រកាន់​ខ្ជាប់​ជានិច្ច​តាំង​ពី​ចាប់​ផ្ដើម​ដំណើរ​ការ​ «ឈូកខ្មែរ» ដំបូង​មក ។ ចំពោះ​សារព័ត៌មាន​កោះសន្តិភាព ខ្ញុំ​បាន​ព្យាយាម​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​ប្រើប្រាស់​អត្ថបទ និង​រូបភាព​មក​ផ្សព្វផ្សាយ​បន្ត តាម​រយៈ​អ៊ីម៉ែល​ចំនួន​ពីរ​លើក​គឺៈ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០០៩ ម្ដង និង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០០៩​ម្ដង​ទៀត ។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ថា «បាន ឬ មិន​បាន» នោះ​ទេ ។ ដោយ​ពុំ​មាន​ការ​ណែនាំ​អ្វី​ពី​សារព័ត៌មាន​មួយ​នេះ និង​ដោយ​យល់​ឃើញ​ថា វិទ្យុ​នានា​តែង​តែ​ដក​ស្រង់​ព័ត៌មាន​ពី​កាសែត​មក​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​ដូច​គ្នា និង​ដោយ​អត្ថបទ​មាន​ខ្លឹមសារ​ល្អ​ គួរ​ប្រមូល​ផ្ដុំ​ជា​ឯកសារ​សម្រាប់​ការ​ស្រាវជ្រាវ​នៅ​ពេល​ខាង​មុខ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជ្រើស​យក​អត្ថបទ​របស់​កោះសន្តិភាព​មក​ផ្សាយ​បន្ត រហូត​ដល់​ឃើញ​សេចក្ដី​ព្រមាន​នៅ​ថ្ងៃ​នេះ ។ សូម​បញ្ជាក់​ថា រាល់​ការ​ដក​ស្រង់​របស់​ខ្ញុំ​គឺ​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​ណាស់ ។ ប្រសិន​បើ​ខ្ញុំ​យក​អត្ថបទ និង​រូបភាព​ទាំង​ស្រុង ខ្ញុំ​ប្រើ​ពាក្យ​ថា «សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​…» ហើយ​នៅ​ពេល​ដែល​មាន​ថែម​ថយ​ខ្លឹមសារ ឬ​រូបភាព ខ្ញុំ​ប្រើ​ពាក្យ​ថា «ដក​ស្រង់​ពី​សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​…» ។ (ខ្ញុំ​អត់​ចេះ​ច្បាប់​កម្មសិទ្ធិបញ្ញា​ទេ មិន​ដឹង​ថា​ធ្វើ​ដូច​នេះ​ហើយ​នៅ​តែ​ខុស​ឬ​យ៉ាង​ណា​ទេ ?)
ពាក់ព័ន្ធ​ការ​ស្វែង​រក​ការ​អនុញ្ញាត​ជាមុន​នេះ​ដែរ ខ្ញុំ​បាន​ព្យាយាម​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ «បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ» តាម​រយៈ​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០០៩ និង​ទទួល​បាន​ការ​ឆ្លើយ​តប​ពី Web Master ថា​នឹង​បញ្ជូន​សំណើ​របស់​ខ្ញុំ​ទៅ​ថ្នាក់​គ្រប់​គ្រង​ដើម្បី​ពិនិត្យ និង​សម្រេច ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​មាន​ចម្លើយ​តប​ថា «បាន ឬ មិន​បាន​ទេ» ។
កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ខ្ញុំ​បាន​ដក​ស្រង់​អត្ថបទ​ចំនួន​២​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​មក​ផ្សាយ​បន្ត​ពី​វ៉េបសាយ​ «ដើមអម្ពិល» ស្រាប់​ឃើញ​វ៉េបសាយ​នេះ​ព្រមាន​ទៅ​អ្នក​ទាំងឡាយ​ណា​ដែល​យក​អត្ថបទ​របស់​ខ្លួន​ទៅ​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន ។ លុះ​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០០៩ ខ្ញុំ​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល (កាល​នោះ​មិន​ទាន់​បែក​ផ្លូវ​គ្នា​ជាមួយ​កាសែត​អង្គរវត្ត​នៅ​ឡើយ​ទេ) ស្នើ​សុំ​ការ​អនុញ្ញាត​ដូច​ខាងលើ​ដែរ ហើយ​ក៏​គ្មាន​ចម្លើយ​តប​ដូច​គ្នា​ដែរ ។
ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​មិន​ដក​ស្រង់​ពី​អត្ថបទ​ពី​បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ​ និង​ដើមអម្ពិល​មក​ផ្សព្វផ្សាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​តាំង​ពី​ពេល​នោះ​មក ។ ឥឡូវ​នេះ​ដល់​ពេល​វេលា​ដែល «ឈូកខ្មែរ» ត្រូវ​សារភាព និង​ត្រលប់​មក​រក​គោលការណ៍​ដើម​របស់​ខ្លួន​វិញ ដោយ​ផ្សព្វផ្សាយ​តែ​អត្ថបទ​ដែល​មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ ៕

August 28, 2010

បុរស​ម្នាក់​លក់​កូនស្រី​យក​លុយ​ទិញ​ស្រាផឹក

កំណត់ៈ  អត្ថបទ​ខាងក្រោម​នេះ ដកស្រង់​ចេញ​ពី​សារព័ត៌មាន​កោះសន្តិភាព ផ្សាយ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១០ ទុក​ជា​ការ​រំលឹក ដាស់​សតិ​ ដល់​លោក​ឪពុក​ជាទី​គោរព​ទាំង​ឡាយ និង​ឧទ្ទិស​ជូន​កុមារី ក្មេង​ស្រី​​ដ៏​គួរ​ឲ្យ​ស្រលាញ់​ទាំង​អស់​ ដែល​រងគ្រោះ​ដោយ​សារ​តែ​ភាព​អស្មិមានះ ទង្វើ​អសីលធម៌ មិន​ទទួល​ខុស​ត្រូវ​របស់​លោក​​ឪពុក ។ កូនស្រី​​ គឺ​ជា​វត្ថុ​ដែល​ខ្លួន​ត្រូវ​ស្រលាញ់ បីបាច់​ថែរក្សា​ស្មើ​នឹង​ជីវិត​ខ្លួន គឺ​ពុំ​មែន​ជា​វត្ថុ​សម្រាប់​ដោះដូរ​ជា​ថ្នូ​នឹង​អ្វី​មួយ​ឡើយ ។
បុរស​ម្នាក់​លក់​កូនស្រី​យក​លុយ​ទិញ​ស្រាផឹក
នៅ​ឥណ្ឌា​មាន​បុរស​ម្នាក់​បាន​លក់​កូនស្រី​របស់​ខ្លួន​ដើម្បី​បាន​លុយ​យក​មក​ទិញ​ស្រាផឹក ។ កូនស្រី​របស់​បុរស​នេះ​អាយុ​៦​ឆ្នាំ​ ត្រូវ​ឪពុក​ដាក់​លក់​ដេញ​ថ្លៃ​​បាន​តម្លៃ​ត្រឹម​តែ​១៦,៥០ ​អឺរ៉ូ ប៉ុណ្ណោះ គឺ​មិន​បាន ​២០ ​អឺរ៉ូ​ផង ហើយ​ប្រាក់​នេះ​ឪពុក​រូប​នេះត្រូវ​យក​ទៅ​ទិញ​ស្រា​ផឹក ។ បុរស​នេះ​​ដែល​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ​ ហើយ​ញៀន​ស្រា​ រួច​រូប​គេ​គ្មាន​មធ្យោបាយ​ដើម្បី​ឱ្យ​បាន​ប្រាក់​សម្រាប់​ទិញ​ស្រា​ផឹក​ ក្រៅ​ពី​លក់​កូនស្រី​ឱ្យ​គេ​ឡើយ ។ ពេល​គេ​ដើរ​ចូល​ក្នុង​ហាង​ ព្រោះ​តែ​គេ​គ្មាន​​លុយ​ម្ចាស់​ហាង​បដិសេធ​មិន​លក់​អ្វី​ឱ្យ​គេ​ឡើយ ។ ពេល​នោះ​បុរស​នេះ​បាន​មក​​កាន់​តាម​ដង​វិថី​ ហើយ​ដាក់​លក់​កូនស្រី​ដេញ​ថ្លៃ​ ​និង​​លក់​កូនស្រី​បាន​ត្រឹម​តម្លៃ​ ១៦,៥០​អឺរ៉ូ ក៏​ប៉ុន្តែ​​ការ​ដោះ​ដូរ​គ្នា​ត្រូវ​អាក់​ខាន ព្រោះ​តែ​អន្តរាគមន៍​របស់​ប៉ូលិស ៕

August 17, 2010

ចាប់​ផ្តើម​ហាម​ឃាត់​ការ​នាំ​ចេញ​ស្រូវ​សាលី​រុស្ស៊ី

នៅ​រុស្ស៊ី​ការ​ហាម​ឃាត់​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សម្រេច​ដោយ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក​ វ៉្លាឌីមៀរ​ ពូទីន បាន​ចូល​ជា​ធរ​មាន​កាល​ពីថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ ។ ខណៈ​ដែល​ធាតុអាកាស​ក្តៅ​ខ្លាំង និង​ភ្លើង​ឆេះ​ព្រៃ​បង្ក​ការ​ខូច​ខាត​ដល់​ការ​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​ដល់​ទៅ​១​ភាគ​៤ រដ្ឋា​ភិបាល​​រុស្ស៊ី​ប៉ុនប៉ង​ប្រើ​វិធានការ​នេះ​ទប់​ការ​ឡើង​ថ្លៃ​គ្រាប់​ធញ្ញជាតិ​ក្នុង​ប្រទេស ។
លោក ​ពូទីន បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក​​នេះ លើ​ការ​សម្រេច​ចិត្ត​មួយ​ហាម​ឃាត់​ការ​នាំ​ចេញ​ស្រូវ​សាលី​ចាប់​ពីថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ ទៅ​រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ ហើយ​អាច​ពន្យារ​ពេល​លើស​ពីនេះ​ទៀត ។ ប្រទេស​រុស្ស៊ី​ជា​អ្នក​នាំ​ចេញ​ស្រូវ​សាលី​ធំ​ជាង​គេ​លំដាប់​ទី​៣​លើ​ពិភព​លោក​ បាន​បន្ថយ​ការ​ព្យាករ​ពី​ការ​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​សម្រាប់​ឆ្នាំ​២០១០ មក​នៅ​ត្រឹម​៦៥​លាន​តោន​ ទល់​នឹង​៩៧​លាន​តោន កាល​ពី​ឆ្នាំ​២០០៩ ។ ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​សម្រាប់​តំបន់​កសិកម្ម​ចំនួន​២៧ ហើយ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​អង់គ្លេស HSBC ថា គ្រោះ​រាំង​ស្ងួត​ និង​ធាតុ​អាកាស​ក្តៅ​ខ្លាំង​អាច​ឱ្យ​រុស្ស៊ី​ខាត​បង់​ដល់​១%​នៃ​ផលទុន​ជាតិ​សរុប​របស់​ប្រទេស ។
យោង​តាម​បណ្តា​មេដឹកនាំ​រុស្ស៊ី​ថា ការ​ហាម​ឃាត់​នាំ​ចេញ​នេះ​គឺ​សម្រាប់​ធានា​ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ហើយ​ចៀស​វាង​កុំ​ឱ្យ​តម្លៃ​ស្បៀង​ឡើង​ខ្ពស់ ៕
សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១០

August 9, 2010

តម្លៃ​ស្រូវ​សាលី​ឡើង​ខ្ពស់​បំផុត​ក្រោយ​រុស្ស៊ី​ប្រកាស​ផ្អាក​នាំ​ចេញ

តម្លៃ​ស្រូវ​សាលី​ឡើង​ខ្ពស់​បំផុត​ក្រោយ​រុស្ស៊ី​ប្រកាស​ផ្អាក​នាំ​ចេញ
តម្លៃ​ស្រូវ​សាលី​នា​ពេល​នេះ​មាន​ខ្ពស់​បំផុត ។ ​នៅ​ទី​ផ្សារ​អឺរ៉ុប​ EURONEXT ពេល​បិទ​ទី​ផ្សារ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក​នេះ តម្លៃ​ស្រូវ​សាលី​ឡើង​ដល់​២២៣,៥​អឺរ៉ូ ក្នុង​មួយ​តោន​ គឺ​ជិត​២​ដង​ខ្ពស់​ជាង​កាល​ពី​១​ឆ្នាំ​មុន​នេះ ។ ពិត​មែន​ហើយ​ស្រូវ​សាលី​ដែល​គេ​និយម​ហៅ​គ្រាប់​ធញ្ញជាតិ​​ទី​៣ ដែល​គេ​ដាំ​ដុះ​ច្រើន​បំផុត​លើ​ពិភព​លោក​ ធ្លាប់​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ម្តង​កាល​ពី​ឆ្នាំ​២០០៧​ ដល់​២៤០​អឺរ៉ូ​ក្នុង​មួយ​តោន ។
តម្លៃ​ស្រូវ​សាលី​ឡើង​ខ្ពស់​ខ្លាំង​ និង​ឆាប់​រហ័ស​បំផុត​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នា​ឆ្នាំ​នេះ ។​ កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១០ ស្រូវ​សាលី​ថៃ្ល​ត្រឹម​តែ​១៣០​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន​​ ដូច្នេះ​ការ​ឡើង​ថ្លៃ​នា​ពេល​នេះ​តំណាង​ឱ្យ​ដល់​ទៅ​ជាង​៧០%​ឯណោះ ក្នុង​រយៈ​ពេល​តែ​១​ខែ ។ នា​ដើម​ឆ្នាំ​២០១០ នេះ តម្លៃ​ស្រូវ​សាលី​មាន​ទាប​បំផុត​ត្រឹម​តែ​ជិត​១១០​អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​មួយ​តោន ​រួច​ពេល​នេះ ហេតុ​អី​ក៏​ឡើង​ខ្ពស់​បែប​នេះ ? ចម្លើយ​ពិសេស​បំផុត​មក​ពី​កត្តា​បរិយាកាស ។​ ភាព​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​បំផុត​កើត​មាន​នៅ​រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​ធំ​ជាង​គេ​ទី​៣ លើ​ពិភព​លោក ​បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ។​ ការ​ប្រមូល​ផល​ធ្លាក់​ទាប​បំផុត ។ ប្រទេស​នេះ​ព្យាករ​ពី​ការ​ចុះ​ថយ​ផលិតផល​ស្រូវ​សាលី​មក​នៅ​ត្រឹម​ពី​៧០ ​ទៅ​៧៥​លាន​តោន​ទល់​នឹង​៩៧​លាន​តោន​កាល​ពី​ឆ្នាំ​ទៅ​មិញ ។
ដោយ​ជួប​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ​នៅ​រស្ស៊ី​ សភាពការណ៍​រឹត​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដោយ​នាយក​រដ្ឋមន្រ្តី​ប្រទេស​នេះ ​លោក​ វ្ល៉ាឌីមៀរ ​ពូទីន​ ថ្លែង​កាល​ពីថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក​នេះ ពី​ការ​ផ្អាក​នាំ​ចេញ​ស្រូវ​សាលី​រហូត​ដល់​ខែ​ធ្នូ​ដែល​ញ៉ាំង​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​នានា ។ ​ក្រោយ​ការ​ប្រកាស​នេះ តម្លៃ​ស្រូវ​សាលី​បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​ភ្លាមៗ​ដល់​២៣៧,៥​អឺរ៉ូ​ក្នុង​មួយ​តោន​កាល​ពីថ្ងៃ​ទី​៥ ខែ​សីហា​ នោះ ក្រោយ​មក​ចុះ​វិញ​៦%​បន្ទាប់​ពី​នេះ ។
នៅ​បារាំង​ជា​ប្រទេស​ផលិត​ស្រូវ​សាលី​ធំ​ជាង​គេ​ទីមួយ​នៅ​អឺរ៉ុប​ គ្រោះ​រាំង​ស្ងួត​ក៏​ប៉ះ​ពាល់​ដល់​ការ​ប្រមូល​ផល​ស្រូវ​សាលី​ដែរ តែ​ខ្សោយ​ជាង​នៅ​រុស្ស៊ី ។​ យោង​តាម​ការ​វាយ​តម្លៃ​ចុង​ក្រោយ​នានា​របស់​ក្រសួង​កសិកម្ម​ថា ការ​ប្រមូល​ផល​ស្រូវ​សាលី​របស់​បារាំង​​ត្រូវ​​ចុះ​ថយ​៣%​មក​នៅ​ត្រឹម​៣៥,២​លាន​តោន ៕
សារព័ត៌មាន​កោះសន្តិភាព ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១០

July 31, 2010

ស្រូវ​បុរាណ​ចេញ​កួរ​លឿន​ជាង​ស្រូវ​បច្ចុប្បន្ន

ស្រូវ​បុរាណ​អាយុ​ប្រហែល​៣០០០​ឆ្នាំ​ចេញ​លឿន​ជាង​ស្រូវ​ស្រាល​បច្ចុប្បន្ន
ស្រូវ​បុរាណ​អាយុ​ប្រហែល​៣០០០​ឆ្នាំ​ចេញ​លឿន​ជាង​ស្រូវ​ស្រាល​បច្ចុប្បន្ន
អ្នក​វិទ្យាសាស្

Monday, August 22, 2011



  1. ឈ្នះមនុស្សទន់ខ្សោយ ដោយការសង្គ្រោះ
    ឈ្នះមនុស្សខ្ពង់ខ្ពស់ ដោយការគោរព
    ឈ្នះមនុស្សស្មើគ្នា ព្យាយាមថ្ងៃយប់
    ឈ្នះសព្វឈ្នះគ្រប់ ឈ្នះចិត្តខ្លួនឯង។
  2. ទឹកត្រជាក់ត្រីកុំ។
  3. ពេលប្រយុទ្ធត្រូវការមនុស្សខ្លាំងក្លា
    ពេលមានបញ្ហាត្រូវការបណ្ឌិត
    ពេលដែលមានទុក្ខត្រូវការធម៌ពិត
    បានឃើញចិត្តមិត្តនៅពេលអន្តរាយ។

៥. ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ

ស្រែ​គ្មាន​ទឹក

បើ​មិនមាន​ទឹក​ទេ​នោះ តើ​កសិករ​យើង​ធ្វើ​ស្រែ​ដោយ​របៀប​ណា? កសិករ​កម្ពុជា​យើង​ភាគ​ច្រើន​ធ្វើ​ស្រែ​តែងតែ​ពឹង​ទៅ​លើ​មេឃ គឺ​ពឹង​ទៅ​លើ​ទឹក​ភ្លៀង។ ប្រសិន​បើ​មិនមាន​ភ្លៀង​ទេ​នោះ គាត់​តែងតែ​បូម​ទឹក​ពី​ស្រះ ត្រពាំង ឬបឹង ដែល​នៅ​ជិតៗ​នោះ​ ដើម្បី​រដោះ​គ្រោះ​មួយ​គ្រា​តូច​សិន ហើយ​ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​មាន​រយៈពេល​វែង នោះគាត់​នឹង​ជួប​ការ​លំបាក​ហើយ។ ម្យ៉ាងទៀត ការ​ធ្វើ​សឹក​តែង​ត្រូវការ​ស្បៀង (បាយ) ជា​សំខាន់ បើ​មិនមាន​ស្បៀង​ទេ​នោះ តើកងទ័ព​មាន​កម្លាំង​មក​ពី​ណា?

៤. ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម

សុភាសិត​នេះអប់រំ​មនុស្ស​យើង ឲ្យ​ចេះ​យក​អ្វី​ដែល​ល្អៗ​ ដែល​ជា​ការណែនាំ​របស់គ្រូ​ក្តី របស់​រាម​ច្បង​ក្តី របស់​អ្នក​ណា​ម្នាក់​ក្តី​​មកទុកដាក់​ក្នុង​ខ្លួន ហើយ​មិន​ត្រូវ​យក​តម្រាប់​តាម​អ្នក​ទាំងអស់​នោះ​នូវ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​មិន​ត្រឹមត្រូវទេ។ ឧទាហរណ៍ បើ​គ្រូ​បង្រៀន​​ចំណេះដឹង​ល្អៗ ត្រូវ​ត្រង​ត្រាប់​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ប្រសិន​បើ​ឃើញ​គ្រូ​ធ្វើ​អ្វី​ដែល​មិនត្រឹមត្រូវ ដូច​ជា​ ជក់​បារី សេព​គ្រឿង​ស្រវឹង ជាដើម​ នោះ​មិន​ត្រូវ​យក​តម្រាប់​តាម​ឡើយ។

៣. អ្នក​ខ្សោយ​ធ្វើ​របាំង អ្នក​ខ្លាំង​ធ្វើ​របង អ្នក​ខ្វាក់​យក​ជា​ខ្នង អ្នក​កោងកាច​យក​ជា​គ្នា

សុភាសិត​នេះ​មាន​បំណង អប់រំ​មនុស្ស​យើង​ឲ្យចេះរាប់អាន និងអត់អោន​មនុស្សគ្រប់គ្នា មិន​ប្រកាន់​បក្សពួក និង​មិន​រើសអើង ពិសេសសម្រាប់អ្នកគ្រប់គ្រង។

២. ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំ​ដើរ​ហោង


សុភាសិត​នេះ​មាន​ន័យ​អប់រំ​មនុស្ស​លោក​យើង កុំ​ឲ្យ​ត្រង់​ពេក​ត្រូវ​ចេះ​មើល​គ្រប់​កាលៈទេសៈ។ រឿង​ខ្លះ​ដោយសារ​តែ​យើង​ត្រង់​ពេក បាន​ធ្វើឲ្យ​មាន​ផលវិបាក​សម្រាប់​អ្នក​ដទៃ ឬ​ក៏​អាច​គ្រោះថ្នាក់​ដល់​សង្គម​ទៀត​ផង មានន័យ​ថា​យើង​ត្រូវ​ចេះ​វៀច​ខ្លះ​គឺ​កុំ​ចោល​ឲ្យ​សោះ។ ម្យ៉ាង​ទៀត​រឿង​មួយ​ចំនួន យើង​ត្រូវ​សម្រប​តាម​កាលៈទេសៈ បើ​ក្នុង​ចំណោម ១០០ នាក់​មាន ៩៩ នាក់​វៀច​ទៅ​ហើយ ទោះ​ជា​យើង​ត្រង់ ក៏​មិនមាន​អ្នក​ជឿ​ដែរ ប្រែ​ទៅជា​ខុស​តែ​ម្នាក់​ឯង​ទៅវិញ។

១. ធ្វើ​គុណ​គេ​កុំ​​សំដែង តែង​កុំ​បំភ្លេច​គុណ​របស់​គេ។


សុភាសិត​នេះ ចាស់​បុរាណ​យើង​មាន​បំណង ចង់​អប់រំ​មនុស្ស​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ស​នៅ​ពេល​ធ្វើ​គុណ​ទៅលើ​អ្នក​ដទៃ មាន​ន័យ​ថា​ជួយ​អ្នក​ដទៃ​ត្រូវ​ជួយ​ឲ្យ​អស់ពី​ចិត្ត​ដោយ​មិនមាន​នឹកនា​ថា​នឹង​ទទួល​បាន​សំណង​អ្វី​ពី​អ្នក​នោះ​វិញ​ឡើយ។ ម្យ៉ាងទៀត​បើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​គុណ ឬ​ជួយ​នោះ មិនត្រូវ​ធ្វើជា​មិនដឹង​មិនឮ ឬ​ភ្លេច​ថា​អ្វី​ដែល​គេ​បាន​ជួយ​នោះ​ឡើយ។