- ឈ្នះមនុស្សទន់ខ្សោយ ដោយការសង្គ្រោះ
ឈ្នះមនុស្សខ្ពង់ខ្ពស់ ដោយការគោរព
ឈ្នះមនុស្សស្មើគ្នា ព្យាយាមថ្ងៃយប់
ឈ្នះសព្វឈ្នះគ្រប់ ឈ្នះចិត្តខ្លួនឯង។ - ទឹកត្រជាក់ត្រីកុំ។
- ពេលប្រយុទ្ធត្រូវការមនុស្សខ្លាំងក្លា
ពេលមានបញ្ហាត្រូវការបណ្ឌិត
ពេលដែលមានទុក្ខត្រូវការធម៌ពិត
បានឃើញចិត្តមិត្តនៅពេលអន្តរាយ។
៥. ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
August 7, 2009 — sethaiech
បើមិនមានទឹកទេនោះ តើកសិករយើងធ្វើស្រែដោយរបៀបណា? កសិករកម្ពុជាយើងភាគច្រើនធ្វើស្រែតែងតែពឹងទៅលើមេឃ គឺពឹងទៅលើទឹកភ្លៀង។ ប្រសិនបើមិនមានភ្លៀងទេនោះ គាត់តែងតែបូមទឹកពីស្រះ ត្រពាំង ឬបឹង ដែលនៅជិតៗនោះ ដើម្បីរដោះគ្រោះមួយគ្រាតូចសិន ហើយប្រសិនបើគ្រោះរាំងស្ងួតមានរយៈពេលវែង នោះគាត់នឹងជួបការលំបាកហើយ។ ម្យ៉ាងទៀត ការធ្វើសឹកតែងត្រូវការស្បៀង (បាយ) ជាសំខាន់ បើមិនមានស្បៀងទេនោះ តើកងទ័ពមានកម្លាំងមកពីណា?
៤. ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម
August 3, 2009 — sethaiechសុភាសិតនេះអប់រំមនុស្សយើង ឲ្យចេះយកអ្វីដែលល្អៗ ដែលជាការណែនាំរបស់គ្រូក្តី របស់រាមច្បងក្តី របស់អ្នកណាម្នាក់ក្តីមកទុកដាក់ក្នុងខ្លួន ហើយមិនត្រូវយកតម្រាប់តាមអ្នកទាំងអស់នោះនូវទង្វើទាំងឡាយណាដែលមិនត្រឹមត្រូវទេ។ ឧទាហរណ៍ បើគ្រូបង្រៀនចំណេះដឹងល្អៗ ត្រូវត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើឃើញគ្រូធ្វើអ្វីដែលមិនត្រឹមត្រូវ ដូចជា ជក់បារី សេពគ្រឿងស្រវឹង ជាដើម នោះមិនត្រូវយកតម្រាប់តាមឡើយ។
៣. អ្នកខ្សោយធ្វើរបាំង អ្នកខ្លាំងធ្វើរបង អ្នកខ្វាក់យកជាខ្នង អ្នកកោងកាចយកជាគ្នា
July 29, 2009 — sethaiechសុភាសិតនេះមានបំណង អប់រំមនុស្សយើងឲ្យចេះរាប់អាន និងអត់អោនមនុស្សគ្រប់គ្នា មិនប្រកាន់បក្សពួក និងមិនរើសអើង ពិសេសសម្រាប់អ្នកគ្រប់គ្រង។
២. ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង
June 23, 2009 — sethaiechសុភាសិតនេះមានន័យអប់រំមនុស្សលោកយើង កុំឲ្យត្រង់ពេកត្រូវចេះមើលគ្រប់កាលៈទេសៈ។ រឿងខ្លះដោយសារតែយើងត្រង់ពេក បានធ្វើឲ្យមានផលវិបាកសម្រាប់អ្នកដទៃ ឬក៏អាចគ្រោះថ្នាក់ដល់សង្គមទៀតផង មានន័យថាយើងត្រូវចេះវៀចខ្លះគឺកុំចោលឲ្យសោះ។ ម្យ៉ាងទៀតរឿងមួយចំនួន យើងត្រូវសម្របតាមកាលៈទេសៈ បើក្នុងចំណោម ១០០ នាក់មាន ៩៩ នាក់វៀចទៅហើយ ទោះជាយើងត្រង់ ក៏មិនមានអ្នកជឿដែរ ប្រែទៅជាខុសតែម្នាក់ឯងទៅវិញ។
១. ធ្វើគុណគេកុំសំដែង តែងកុំបំភ្លេចគុណរបស់គេ។
June 5, 2009 — sethaiechសុភាសិតនេះ ចាស់បុរាណយើងមានបំណង ចង់អប់រំមនុស្សយើងឲ្យមានចិត្តស្មោះសនៅពេលធ្វើគុណទៅលើអ្នកដទៃ មានន័យថាជួយអ្នកដទៃត្រូវជួយឲ្យអស់ពីចិត្តដោយមិនមាននឹកនាថានឹងទទួលបានសំណងអ្វីពីអ្នកនោះវិញឡើយ។ ម្យ៉ាងទៀតបើអ្នកត្រូវបានគេធ្វើគុណ ឬជួយនោះ មិនត្រូវធ្វើជាមិនដឹងមិនឮ ឬភ្លេចថាអ្វីដែលគេបានជួយនោះឡើយ។
No comments:
Post a Comment